Monday, February 26, 2018

របៀប Check In នៅព្រលានយន្តហោះ / Airport Checkin Process

រឿងមួយទៀត បន្ទាប់ពីទិញសំបុត្រយន្តហោះរួច នោះគឺការ Check In នៅព្រលានយន្តហោះ។ចំពោះអ្នកថ្មី គឺពិតជាមិនដឹងថាតើនឹងចាប់ផ្ដើមពីណាទៅណានោះទេ។

ក្នុងអត្ថបទនេះ ខ្ញុំនឹងសរសេររៀបរាប់អំពីរឿងនេះ។ពេលដែលអ្នកទិញសំបុត្រយន្តហោះរួច នោះអ្នកនឹងទទួលបានក្រដាស់មួយសន្លឹកដែលជាភាសាអង់គ្លេសគេហៅថា Travel Iternary ដែលវាមានលេខBooking Number ដែលអាចជួយសម្រួលដល់ការCheck In របស់យើងនៅព្រលានយន្តហោះបាន។

តែបើទោះជាមិនមានក្រដាស់នេះក៏បានដែរ តែបើមានវាអាចងាយស្រួលសម្រាប់បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការត្រួតពិនិត្យមើលហើយនិងបោះពុម្ពជាសំបុត្រយន្តហោះ(Boarding Pass)មកអោយយើង។ លិខិតឆ្លងដែន(Passport)គឺជារបស់ចាំបាច់ដែលត្រូវយកទៅតាមខ្លួនជាដាច់ខាត ហើយលិខិតឆ្លងដែននោះត្រូវមានសុពលភាពយ៉ាងតិចមុនថ្ងៃផុតកំណត់៦ខែ។ យើងគួរតែទៅដល់ព្រលានយន្តហោះអោយបាន ២ ឬ ៣ ម៉ោងមុនពេលយន្តហោះហោះហើរ ព្រោះដំណើរការCheck In មានច្រើនដំណាក់កាល ហើយបើមានមនុស្សCheck In ច្រើននោះនឹងចំណាយពេលយូរដែរ។ជាទូទៅនៅព្រលានយន្តហោះមាន ២ ស្ថានីយ៖ ស្ថានីយសម្រាប់ចេញដំណើរ (Departure Terminal) និង ស្ថានីយសម្រាប់អ្នកដំណើរមកដល់(Arrival Terminal)។




ពេលយើងមកដល់ស្ថានីយចេញដំណើរ យើងដើរចូលទៅក្នុងស្ថានីយ នឹងមានកៅអីសម្រាប់អង្គុយរង់ចាំ ហើយយើងអាចរកមើលជើងយន្តហោះរបស់យើងនៅលើផ្ទាំងព័ត៌មានដូចខាងក្រោមនេះ


របៀបមើលព័ត៌មាន៖

១/ជាឈ្មោះរបស់ក្រុមហ៊ុនអាកាសចរណ៍ និង លេខជើងហោះហើរ

២/ជាទិសដៅរបស់ជើងហោះហើរ

៣/ជាម៉ោងចេញដំណើររបស់ជើងហោះហើរ

៤/បង្ហាញថាតើជើងហោះហើររបស់យើងអនុញ្ញាតិអោយយើងធ្វើការCheck In ហើយឬនៅ, បើអោយCheck In តើត្រូវទៅCheck In នៅតុ (Desk or Counter) មួយណា? ជាទូទៅការCheck In នឹងបើកអោយនៅ៦០នាទី ទៅ ៩០នាទី មុនម៉ោងហោះហើរ។

ពេលដែលឃើញព័ត៌មានអំពីជើងហោះហើររបស់យើងត្រូវទៅឈរតម្រង់ជួរនៅតាមតុ (desk or counter) ដើម្បីធ្វើការCheck In យកBoarding Pass ហើយនឹងផ្ញើវ៉ាលីរបស់យើងទៅយន្តហោះមុន (ចំពោះអ្នកដែលទិញគីឡូបន្ថែម ឬ ក្រុមហ៊ុនអាកាសចរណ៍ណាដែល អោយគីឡូមកយើង)។នៅប្រទេសខ្លះគេមានSelf-Check In machine ដែលអាចអោយយើងCheck In យក Boarding Pass បាន ដោយមិនចាំបាច់មកCheck In នៅ Counter។




លិខិតឆ្លងដែន(Passport)គឺចាំបាច់ណាស់សម្រាប់ការCheck In ហើយ Travel Itinerary ដែលមានBooking Number ក៏ជួយសម្រួលអោយបុគ្គលិកអាកាសចរណ៍ត្រួតពិនិត្យមើលព័ត៌មានរបស់យើងអោយបានលឿន និង ព្រីនBoarding Pass មកអោយយើង។

Boarding Pass គឺដូចខាងក្រោមនេះ៖




១/ត្រូវត្រួតពិនិត្យមើលឈ្មោះនិងទិសដៅរបស់យើងអោយត្រឹមត្រូវ។

២/ជាព័ត៌មានរបស់លេខកៅអីនៅលើយន្តហោះ និង លេខGate ដែលយើងអាចចូលទៅជិះយន្តហោះបាន(មាន Gate ច្រើននៅក្នុងព្រលានយន្តហោះ)។

ពេលដែលយើងបាន Boarding Pass នេះហើយ, យើងអាចយកBoarding Pass នេះទៅដកពន្ធវិញបាន ៧$សម្រាប់មនុស្សធំ និង ៣$ សម្រាប់កូនក្មេង (សម្រាប់តែអ្នកកាន់លិខិតឆ្លងដែនខ្មែរ)។ កន្លែងដកពន្ធគឺនៅផ្នែកខាងក្រោម និង ខាងក្រោយជណ្ដើរនេះ៖




ហើយជណ្ដើរនេះក៏ជាកន្លែងសម្រាប់អោយយើងឡើងទៅកាន់Gate ដែលយើងត្រូវចូលជិះយន្ដហោះដែរ។នៅមាត់ជណ្ដើរនេះ មានមន្ត្រីរបស់ព្រលានយន្តហោះនៅចាំឆែកBoarding Pass និង លិខិតឆ្លងដែនរបស់យើង។ពេលដែលយើងឡើងទៅដល់ជាន់ខាងលើ, កន្លែងនោះ គឺមានតុមានសម្រាប់អោយយើងបំពេញក្រដាស់មួយសន្លឹក (មាននៅលើតុហ្នឹងស្រាប់) ដែលជាសលាកបត្រចេញ និង សលាកបត្រចូលដូចរូបខាងក្រោមនេះ៖


យើងត្រូវបំពេញព័ត៌មានទាំងអស់នេះ (ព័ត៌មានខ្លះយកចេញពីលិខិតឆ្លងដែន និង ព័ត៌មានខ្លះយកចេញពីBoarding Pass)។ពេលបំពេញព័ត៌មានរួចយើងត្រូវទៅតម្រង់ជួរនៅខាងអន្តោរប្រវេសន៍ ដើម្បីអោយខាងអន្តោរប្រវេសន៍ផ្ទៀងផ្ទាត់អត្តសញ្ញាណ និង ពិនិត្យមើលលើសលាកបត្រចេញ រួចខាងពួកគាត់នឹងហែកយកខាងសលាកបត្រចេញរួចកិបខាងសលាកបត្រចូលជាមួយនឹងសន្លឹកលិខិតឆ្លងដែនរបស់យើង ដើម្បីពេលយើងត្រលប់មកវិញ។

បន្ទាប់ពីផ្ទៀតផ្ទាត់អត្តសញ្ញាណរួចហើយ យើងត្រូវឆ្លងទៅកន្លែងមួយទៀត ជាកន្លែងត្រួតពិនិត្យសុវត្ថិភាព។កន្លែងនេះមិនតម្រូវអោយយើងយកវត្ថុរាវ(ទឹកផឹក,ទឹកអប់....)ដែលលើសពី១០០មីលីលីត្រឆ្លងកាត់ឡើយ។ហើយយើងក៏ត្រូវយកសំភារៈដែលនៅជាប់ខ្លួនយើងដូចជាកាបូបលុយ, ទូរស័ព្ទ, នាឡិកា, ខ្សែក្រវាត់, ស្បែកជើង ដាក់ក្នុងកញ្ច្រែង និង កាបូបស្ពាយដែលយើងយកតាមខ្លួន ក៏ត្រូវដាក់ចូលក្នុងម៉ាស៊ីនស្កេនដែរ។ នេះជារូបតំណាងដែលខ្ញុំយកមកពីអ៊ីនធើណេត៖




ពេលដែលឆ្លងកាត់កន្លែងនេះរូច យើងត្រូវដើរឆ្លងកាត់ហាងលក់ទំនិញទៅរកលេខGateដែលនៅលើBoarding Pass របស់យើង។ ដើម្បីរកលេខGate យើងអាចមើលតាមស្លាកសញ្ញា ឬ ក៏សាកសួរពីមន្ត្រីក្នុងព្រលានយន្តហោះក៏បានដែរ។ឧបមាថា Gate របស់អ្នកគឺGate លេខ៦,​ អ្នកត្រូវដើរទៅរកGate លេខ៦ ដូចរូបនេះ៖




នៅជុំវិញGate មានកៅអីអង្គុយរង់ចាំហើយនៅជាប់នឹងស្លាកGate គឺមានផ្ទាំងព័ត៌មានមួយបង្ហាញពីជើងហោះហើររបស់យើង។ ជាទូទៅខាងគេនឹងអនុញ្ញាតិអោយយើងចូលទៅក្នុងយន្តហោះ១៥នាទី ទៅ ៣០នាទីមុនយន្តហោះហោះហើរ។នៅកន្លែងរង់ចាំ មានហាងអាហារ និង ហាងលក់សំភារៈផ្សេងៗទៀត តែតម្លៃថ្លៃជាងហាងខាងក្រៅ។បើចង់ចំណាយលុយតិច យើងអាចទិញអាហារសម្រន់ពីខាងក្រៅយកទៅហូបខាងក្នុងបាន តែទឹកមិនអាចយកពីក្រៅបានទេ តែយើងអាចយកសម្បកដបទទេយកចូល ហើយបើកទឹកច្រកចូលដបពីកន្លែងបើកទឹកបានដោយមិនគិតថ្លៃ។អង្គុយចាំរហូតដល់ផ្ទាំងព័ត៌មានដាក់ថា Boarding យើងត្រូវមកតម្រង់ជួរដើម្បីចូលយន្តហោះ។រីករាយជាមួយការហោះហើរ។ ប្រទេសគោលដៅជាច្រើន គឺតម្រូវអោយយើងបំពេញបែបបទចូលប្រទេសគេ ដែលបែបបទនោះនឹងចែកជូនលោកអ្នកនៅលើយន្តហោះដោយបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍។ តែមានប្រទេសខ្លះក៏មិនតម្រូវអោយបំពេញបែបបទអ្វីទាំងអស់ដូចជាMalaysia ជាដើម។

សរុបមកដំណើរការណ៍នៃការCheck In នៅព្រលានយន្តហោះមាន៤ដំណាក់កាលដូចខាងក្រោម៖

១/Check In នៅតុរបស់ក្រុមហ៊ុនអាកាសចរណ៍ដើម្បីយកBoarding Pass និង ផ្ញើវ៉ាលីទៅយន្តហោះមុន។

២/ដកពន្ធព្រលានយន្តហោះ(សម្រាប់តែលិខិតឆ្លងដែនខ្មែរ)។

៣/បំពេញបែបបទចេញនិងចូលប្រទេស​ រួចផ្ទៀងផ្ទាត់អត្តសញ្ញាណនៅកន្លែងអន្តោរប្រវេសន៍។

៤/ឆ្លងកាត់កន្លែងត្រួតពិនិត្យសុវត្ថិភាពដោយScan គ្រប់របស់ដែលយើងយកទៅជាមួយ ហើយ មកដល់Gate រង់ចាំចូលយន្តហោះ។